ផល​ផ្លែ​របស់ព្រះ​វិញ្ញាណ

  «រីឯ​ផល​ផ្លែ​របស់​ព្រះវិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ​ សេចក្ដី​សុខសាន្ដ សេចក្ដី​អត់ធ្មត់ សេចក្ដី​សប្បុរស​ សេចក្តី​ល្អ ភាព​ស្មោះ​ត្រង់​...

 


«រីឯ​ផល​ផ្លែ​របស់​ព្រះវិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ​ សេចក្ដី​សុខសាន្ដ សេចក្ដី​អត់ធ្មត់ សេចក្ដី​សប្បុរស​ សេចក្តី​ល្អ ភាព​ស្មោះ​ត្រង់​ចិត្ត​ស្លូតបូត និង​ការ​គ្រប់គ្រង​ចិត្ដ ហើយ​គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់​សេចក្ដី​ទាំង​នេះ​ឡើយ។​» (កាឡាទី ៥:២២-២៣ គគខ)

សាវ័ក ប៉ុល មិន​បាន​លើក​ឡើង​អំពី​កិច្ចការ​ខាង​ឯង​ព្រះ​វិញ្ញាណ​ដូច​ដែល​គាត់​បាន​លើក​ឡើង​ពី​កិច្ចការ​ខាង​សាច់​ឈាម​នោះ​ទេ ប៉ុន្តែ​គាត់​បាន​ផ្ដល់​ឈ្មោះ​ដ៏​ល្អ​ជាង​នោះ​ទៅ​ទៀត​សម្រាប់​លក្ខណសម្បត្តិ​គ្រីស្ទ​បរិស័ទ។ គាត់​បាន​ហៅ​លក្ខណសម្បត្តិ​នោះ​ថា «ផល​ផ្លែ​របស់​ព្រះ​វិញ្ញាណ»។

សេចក្ដី​ស្រឡាញ់

បើ​សាវ័ក ប៉ុល គ្រាន់​តែ​លើក​ឡើង​អំពី​សេចក្ដី​ស្រឡាញ់ នោះ​នឹង​គ្រប់​គ្រាន់​ហើយ ដ្បិត​ផល​ផ្លែ​នៃ​សេចក្ដី​ស្រឡាញ់​ក្ដោប​នូវ​រាល់​ផល​ផ្លែ​ផ្សេងៗ​ទៀត​របស់​ព្រះ​វិញ្ញាណ។ ក្នុង​កណ្ឌ​គម្ពីរ​១កូរិនថូស​ជំពូក​១៣​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា​សេចក្ដី​ស្រឡាញ់​គឺ​ជា​ការ​សង្ខេប​លើ​ផល​ផ្លែ​ទាំង​អស់​នៃ​ព្រះ​វិញ្ញាណ៖ «ឯ​សេចក្ដី​ស្រឡាញ់​តែង​តែ​អត់​ធ្មត់ ហើយ​ក៏​សប្បុរស…» (១កូរិនថូស ១៣:៤)។ ត្រង់​នេះ​គាត់​បាន​លើក​សេចក្ដី​ស្រឡាញ់​ឲ្យ​នៅ​តែ​ឯង​ក្នុង​ចំណោម​ផល​ផ្លែ​ផ្សេងៗ​របស់​ព្រះ​វិញ្ញាណ ដើម្បី​ជា​ការ​រំឭក​ដ៏​គ្រីស្ទ​បរិស័ទ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក «ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ» (រ៉ូម ១២:១០)។ នេះ​មាន​ន័យ​ថា ពួក​គាត់​ត្រូវ​តែ​លើក​អ្នក​ដទៃ​ខ្ពស់​ជា​ខ្លួន ព្រោះ​ពួក​គាត់​មាន​ព្រះ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ជាមួយ។

អំណរ

អំណរ​មាន​ន័យ​ថា យើង​មាន​គំនិត​ផ្អែម​ល្ហែម​អំពី​ព្រះ​គ្រីស្ទ ការ​មាន​ទៅ​ដោយ​ទំនុក​ចម្រៀង និង​ទំនុកដំកើង ការ​ច្រៀង​សរសើរ ការ​អរ​ព្រះ​គុណ ដែល​នោះ​ឯង​ជា​អ្វី​ដែល​គ្រីស្ទ​បរិស័ទ​រៀន ទទួល​ការ​លើក​ទឹក​ចិត្ត និង​សម្រាល​ខ្លួន​ពី​ភាព​ហត់​នឿយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​មាន​មន្ទិល​សង្ស័យ និង​ការ​បាក់​ទឹក​ចិត្ត​ឡើយ។ ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​លើ​គោល​ជំនឿ​ដែល​ជា​បន្ទុក​ដល់​អ្នក​កាន់ ឬ​ក៏​ការ​មាន​គំនិត​ស្រអាប់​មាន​ពេញ​ទៅ​ដោយ​ទុក្ខព្រួយ។ ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​ចិត្ត​ត្រេកអរ។ ទ្រង់​មិន​បាន​ចាត់​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ដើម្បី​នាំ​យើង​ឲ្យ​មាន​ការ​ខូច​ចិត្ត​ទេ ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​ចិត្ត​អរ​សប្បាយ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ពួក​ហោរា ពួក​សាវ័ក និង​ព្រះ​គ្រីស្ទ​ផ្ទាល់​បាន​លើក​ទឹក​ចិត្ត​យើង ហើយ​ប្រាកដ​ណាស់​ថែម​ទាំង​បង្គាប់​ឲ្យ​យើង​មាន​អំណរ ហើយ​ចិត្ត​អរសប្បាយ។ «ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក​រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូសាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល ស្ដេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង…» (សាការី ៩:៩)។ ក្នុង​កណ្ឌ​គម្ពីរ ទំនុកដំកើង យើង​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ដែល​អ្នក​និពន្ធ​បាន​លើក​ទឹក​ចិត្ត​ឲ្យ «មាន​សេចក្ដី​អំណរ​ក្នុង​ព្រះ​យេហូវ៉ា» (ទំនុកតម្កើង ៣៥:៩)។ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា «ចូរ​អរ​សប្បាយ​ជា​និច្ច» (១ថែស្សាឡូនីច្ច ៥:១៦)។ ព្រះ​យេស៊ូវ​គ្រីស្ទ​ក៏​បាន​មាន​បន្ទូល​ថា «…ត្រូវ​ឲ្យ​រីក​រាយ​ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថាន​សួគ៌​វិញ» (លូកា ១០:២០)។

សេចក្ដី​សុខសាន្ត

ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ជាមួយ​នឹង​ទ្រង់ និង​មនុស្ស​ជុំវិញ​យើង។ ព្រះ​អង្គ​ក៏​បាន​ហៅ​យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​ឲ្យ​យើង​រស់​នៅ​ដោយ​មាន​សេចក្ដី​សុខសាន្ត​ ហើយ​ស្ងៀមស្ងាត់។ យើង​មិន​អាច​មាន​សេចក្ដី​សុខសាន្ត​បាន​ទេ បើ​យើង​មិន​មាន​ភាព​អត់​ធ្មត់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាវ័ក ប៉ុល បាន​លើក​ឡើង​អំពី​ចំណុច​នោះ​បន្ទាប់ពី​សេចក្ដី​សុខសាន្ត។

សេចក្ដី​អត់​ធ្មត់

សេចក្ដី​អត់​ធ្មត់ គឺ​ជា​លក្ខណសម្បត្តិ​មួយ​ដែល​ជួយ​ឲ្យ​បុគ្គល​ម្នាក់​ចេះ​មាន​ការ​ទ្រទ្រាំ​ពេល​ឈ្លោះ​គ្នា ពេល​មាន​ការ​ឈឺ​ចាប់ ពេល​មាន​គេ​ស្ដី​បន្ទោស ហើយ​វា​ក៏​ជួយ​យើង​ឲ្យ​ចេះ​អត់​ធ្មត់​ដោយ​ចេះ​រង់ចាំ​ឲ្យ​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​កែ​ខ្លួន។ ពេល​ដែល​អារក្សសាតាំង​ឃើញ​ថា​វា​មិន​អាច​យក​ឈ្នះ​លើ​បុគ្គល​ណា​មួយ​ដោយ​ការ​បង្ខំ​ភ្លាមៗ នោះ​វា​នឹង​ចំណាយ​ពេល​យូរ ដើម្បី​នឹង​ព្យាយាម​យក​ឈ្នះ។ វា​ដឹង​ថា​យើង​ខ្សោយ ហើយ​យើង​មិន​អាច​ទ្រទ្រាំ​យូរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​វា​ល្បួង​យើង​ម្ដង​ហើយ​ម្ដង​ទៀង​រហូត​ទាល់​តែ​វា​ឈ្នះ។ ដើម្បី​ឲ្យ​យើង​អាច​នឹង​ទ្រាំ​នឹង​ការ​វាយ​ប្រហារ​របស់​អារក្សសាតាំង​បាន ដាច់​ខាត​យើង​ត្រូវ​តែ​មាន​ភាព​អត់​ធ្មត់ ហើយ​ចាំ​រហូត​ដល់​វា​មាន​ការ​ហត់​នឿយ​ក្នុង​ការ​ល្បួង​យើង។

សេចក្ដី​សប្បុរស

យើង​ត្រូវ​តែ​ចេះ​មាន​ភាព​សប្បុរស​ក្នុង​ការ​ប្រព្រឹត្ត​នឹង​ការ​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​យើង។ អ្នក​ដែល​ដើរ​តាម​ដំណឹង​ល្អ​ដ៏​ពិត​ត្រូវ​ធ្វើ​ជា​មនុស្ស​មិន​ចេះ​ខឹង ឬ​ក៏​មាន​គំនុំ ប៉ុន្តែ ត្រូវ​ធ្វើ​ជា​អ្នក​ដែល​សុភាព ទន់​ភ្លន់ គួរ​សម ចេះ​ថ្នាក់​ថ្នម​សម្ដី ដែល​ការ​ធ្វើ​បែប​នោះ​នឹង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដទៃ​ស្វែងរក​គ្នា​គេ។ ការ​មាន​ចិត្ត​សប្បុរស​នឹង​មើល​រំលង​កំហុស​ឆ្គង​អ្នក​ដទៃ ហើយ​នឹង​បំភ្លេច​វា​ចោល។ ការ​មាន​សេចក្ដី​សប្បុរស​តែងតែ​មាន​ការ​រីករាយ​ក្នុង​ការ​ចុះចូល​នឹង​អ្នក​ដទៃ។ ការ​មាន​សេចក្ដី​សប្បុរស​តែង​តែ​ចេះ​សម្រប​ខ្លួន​ជាមួយ​នឹង​មនុស្ស​ដែល​គេ​ពិបាក​ចូល​ជាមួយ។ មាន​សម្រង់​សម្ដី​ពី​ដើម​មួយ​ថា «លោក​អ្នក​ត្រូវ​តែ​ស្គាល់​របៀប​របប​របស់​មិត្តភក្ត​ខ្លួន ប៉ុន្តែ​ចូរ​កុំ​ស្អប់​ពួក​គេ​ឡើយ។» កណ្ឌ​គម្ពីរ​ដំណឹងល្អ​បាន​បង្ហាញ​យើង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​បុគ្គល​ដែល​មាន​សេចក្ដី សប្បុរស គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង។ ប្រវត្តិសាស្ត្រ​បាន​មាន​សរសេរ​ចុះ​ថា​សាវ័ក ពេត្រុស តែង​តែ​យំ​រាល់​ពេល​ដែល​គាត់​នឹក​ចាំ​ពី​ភាព​សប្បុរស​ដ៏​ផ្អែម​ល្ហែម​របស់​ព្រះ​គ្រីស្ទ​ក្នុង​ការ​ដែល​ទ្រង់​រាប់​រក​មនុស្ស​ដែល​ទ្រង់​ជួប​ជា​ប្រចាំ​ថ្ងៃ។ សេចក្ដី​សប្បុរស​ជា​លក្ខណសម្បត្តិ​ដ៏​ល្អ​មួយ ហើយ​ក៏​មាន​អត្ថ​ប្រយោជន៍​ណាស់​ក្នុង​ការ​រស់នៅ​ជា​ប្រចាំ​ថ្ងៃ។

សេចក្ដី​ល្អ

បុគ្គល​ដែល​ចិត្ត​ល្អ គឺ​ជា​បុគ្គល​ដែល​ហ៊ាន​ជួយ​អ្នក​ដទៃ​ពេល​ដែល​គេ​មាន​តម្រូវការ។ ឧទាហរណ៍៖ យើង​ដឹង​ហើយ​ថា តម្រូវការ​ដ៏​ចម្បង​របស់​មនុស្ស​លោក​យើង គឺ​យើង​ត្រូវការ​ការ​សង្គ្រោះ​រួច​ពី​អំពើ​បាប ហេតុ​ដូច្នេះ ដាច់ខាត​យើង​ត្រូវ​តែ​ហ៊ាន​ប្រាប់​ដំណឹង​ល្អ​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង។

ភាព​ស្មោះ​ត្រង់

ត្រង់​នេះ​សាវ័ក ប៉ុល មិន​ចង់​មាន​ន័យ​អំពី​ជំនឿ​ដែល​នាំ​ឲ្យ​មាន​ការ​រាប់​ជា​សុចរិត​ទេ ព្រោះ​គាត់​បាន​រៀប​រាប់​អំពី​ការ​នោះ​យ៉ាង​ស៊ី​ជម្រៅ​រួច​ទៅ​ហើយ ប៉ុន្តែ​គាត់​កំពុង​តែ​លើក​ឡើង​អំពី​ជំនឿ​នៃ​សេចក្ដី​ស្រឡាញ់ ដែល​មាន​រួម​ការ​ធ្វើ​តាម​នូវ​អ្វីៗ​ដែល​បាន​ឯកភាព និង​សេចក្ដី​សន្យា។ គេ​ហៅ​ការ​នេះ​ថា ជា​ការ​ដែល​អាច​ទុក​ចិត្ត​បាន ឬ​ក៏​ជា​ការ​ដ៏​សាមញ្ញ​ថា យើង​ហ៊ាន​ជឿ​នូវ​អ្វី​ដែល​អ្នក​ដទៃ​បាន​និយាយ។ តោះ​យើង​និយាយ​ពី​ការ​ដែល​អាច​ទុក​ចិត្ត​បាន​សិន។ លក្ខណសម្បត្តិ​នេះ​គឺ​ជា​ការ​ដែល​យើង​រក្សា​ទុក​នូវ​សម្បថ​ដែល​បាន​ធ្វើ​ឡើង​នៅ​មុខ​តុលាការ ជា​ការ​ដែល​មេ​និង​អ្នក​បម្រើ ឬ​ក៏​ប្រជាជន​រក្សា​ទុក​នូវ​សេចក្ដី​សន្យា ឬ​ក៏​ឯកភាព​ដែល​គេ​បាន​ចុះ​រវាង​គ្នា​នឹង​គ្នា។ (ដក​ស្រង់​ចេញ​ពី​លោក​គ្រូ Johannes Brenz)។

«
អ្នក​ណា​ដែល​ស្មោះ‌ត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះ‌ត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ» (លូកា ១៦:១០)

សេចក្ដី​ស្លូត​បូត

បុគ្គល​ដែល​មិន​រហ័ស​នឹង​ខឹង គឺ​ជា​បុគ្គល​ដែល​មាន​ចិត្ត​ស្លូត​បូត។ មាន​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ដែល​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​ងាយ​ស្រួល​នឹង​ខឹង ប៉ុន្តែ​គ្រីស្ទ​បរិស័ទ​នឹង​មិន​ចេះ​ខឹង​ដោយ​សារ​គាត់​ជា​មនុស្ស​ស្លូត​បូត។

ការ​គ្រប់​គ្រង​ចិត្ត

ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​គ្រីស្ទ​បរិស័ទ​ឲ្យ​ចេះ​រស់នៅ​ដោយ​មិន​ស្រវឹង​ស្រា ហើយ​មាន​ភាព​ស្អាត​ស្អំ​ខាង​ឯ​សីលធម៌។ ពួក​គាត់​មិន​គួរ​រស់នៅ​បែប​ជា​មនុស្ស​កំផិត ប្រព្រឹត្ត​កាម​តណ្ហា ឬ​ក៏​ចេះ​តែ​រួម​ភេទ​ជាមួយ​អ្នក​នេះ​អ្នក​នោះ។ ពួក​គាត់​មិន​គួរ​ដើរ​ឈ្លោះ​នឹង​គេ ហើយ​ស្រវឹង​ប៉ោឡែ​ឡើយ។ ក្នុង​ជំពូក​១​និង​២​នៃ​កណ្ឌ​គម្ពីរ​ទីតុស យើង​ឃើញ​ថា​សាវ័ក ប៉ុល បាន​លើក​ទឹក​ចិត្ត​អ្នក​ដឹក​នាំ ស្ត្រី​ក្មេងៗ និង​អស់​អ្នក​ដែល​បាន​រៀបការ​ហើយ​ថា ឲ្យ​ពួក​គាត់​ចេះ​រស់នៅ​ដោយ​មាន​ភាព​ស្អាត​ស្អំ ហើយ​បរិសុទ្ធ។

COMMENTS

AD BANNER
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content